ថ្ងៃ ពុធ ទី 18 ខែ កក្កដា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ (+855) 15 26 95 19
ថ្ងៃ ពុធ ទី 18 ខែ កក្កដា ឆ្នាំ 2018
ទំនាក់ទំនង ៖ (+855) 15 26 95 19

ប្រាក់ មុន្នីឧត្តម ជួយក្រុមម៉ាឡេស៊ី លត់ក្រុមខ្លាំងសិង្ហបុរី ២-០ ក្រោយបង្ហាញខ្លួនភ្លាមៗ បន្ទាប់ពីចុះកុងត្រា

 

(ភ្នំពេញ)៖ បន្ទាប់ពីធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី និងចុះកុងត្រាជាមួយក្រុម Negeri Sembilan ម្សិលមិញ នៅល្ងាចថ្ងៃដដែល កីឡាករជម្រើសជាតិកម្ពុជា ប្រាក់ មុន្នីឧត្តម ត្រូវបានគ្រូបង្វឹកក្រុមចំណូលថ្មីលីគកំពូលម៉ាឡេស៊ីមួយនេះ ផ្ដល់ឱកាសឲ្យបង្ហាញសមត្ថភាពភ្លាមៗតែម្ដង ជាមួយនឹងជម្រើស ១១នាក់ដំបូង ហើយថែមទាំងជួយក្រុមទទួលបានជ័យជម្នះលើក្រុមខ្លាំងសិង្ហបុរី Homer United ដោយលទ្ធផល ២-០ ក្នុងជំនួបមិត្តភាពលើទឹកដីខ្លួនទៀតផង ។

តាមការបញ្ជាក់របស់កីឡាករ ប្រាក់ មុន្នីឧត្តម មុននេះបន្ដិច បានឲ្យដឹងថា ដោយសារខ្លួនហត់នឿយនឹងការធ្វើដំណើរកាលពីម្សិលមិញ គ្រូបង្វឹកក្រុម Negeri Sembilan បានដាក់ខ្លួនឲ្យលេងត្រឹម ១តង់ប៉ុណ្ណោះ នៅតង់ទី១ នាជំនួបមិត្តភាពខាងលើ ហើយ ៤៥នាទីដំបូងនោះ ក្រុម Negeri Sembilan បានបំប៉ោងសំណាញ់ទីក្រុម Home United ២គ្រាប់មុន ខណៈក្នុងនោះ គ្រាប់បាល់ទី២ ដែលធ្វើសម្រេចដោយកីឡាករ Renars Rode គឺកើតឡើង បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អពីអតីតប្រធានក្រុមព្រះខ័នរាជស្វាយរៀងខាងលើ ។

Loading...

ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះ បន្ដថា នេះគឺជាការប្រកួតមិត្តភាពលើកចុងក្រោយរបស់ក្រុម Negeri Sembilan ហើយសល់ពេល ១សប្ដាហ៍ទៀត ខ្លួននឹងពង្រឹងសមត្ថភាពបន្ថែម ដើម្បីត្រៀមជួយក្រុមប្រកួតផ្លូវការក្នុងលីគកំពូលម៉ាឡេស៊ី ដែលគ្រោងបើកការប្រកួតនាដើមខែកុម្ភៈខាងមុខ ក្នុងនោះក្រុម Negeri Sembilan គឺត្រូវប្រឈរមុខជាមួយក្រុម PKNP FC របស់កីឡាករ កែវ សុខផេង ដែលជាមិត្តរួមជាតិផ្ទាល់តែម្ដង នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ ។

សូមបញ្ជាក់ថា ប្រាក់ មុន្នីឧត្តម បានចុះកុងត្រាជាមួយក្រុម Negeri Sembilan ក្នុងលក្ខខណ្ឌខ្ចីជើង ១ឆ្នាំពីក្រុមព្រះខ័នរាជស្វាយរៀង ដោយទទួលបានប្រាក់ខែជិត ១ម៉ឺនដុល្លារ រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត ។ ការសម្រេចចិត្តចាកចេញទៅស្រុកកំណើត ទៅលេងនៅម៉ាឡេស៊ីនេះដែរ ក៏ដោយសារមានការជំរុញពីថ្នាក់ដឹកនាំក្រុមព្រះខ័នរាជស្វាយរៀងផងដែរ៕

 

ប្រភព៖ khmertalking

Loading...

មតិយោបល់